ជាផ្លូវការ តារារ៉េប​លំដាប់អន្តរជាតិ វណ្ណដា ក្លាយជា​ទូត​សុច្ឆន្ទៈ​ស្រាបៀ ហនុមាន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ផលិតស្រាបៀ ហនុមាន បាន​ប្រកាស​ជាផ្លូវការ​ពី​ការជ្រើសរើស​កំពូល​តារា​ចម្រៀង​រ៉េប វណ្ណដា ជា​ទូត​សុច្ឆន្ទៈ​លើ​ផលិតផល​ស្រាបៀរ​យីហោ​ថ្មី ដែល​កំពុង​វាយ​លុកទីផ្សារ​ក្នុង​ស្រុក​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​សេចក្តីជូនដំណឹង​នៅលើ​ផេក​របស់ក្រុមហ៊ុន​ផុស​ប៉ុន្មានម៉ោង​មុននេះ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​មានមោទនភាពក្នុងការប្រកាសសិល្បករ Vann Da – វណ្ណដា ដែលពោរពេញដោយទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំង ខាងច្រៀង និងនិពន្ធបទភ្លេងរ៉េបនៅកម្ពុជាជាទូតសុច្ឆន្ទៈដំបូងរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ហនុមាន​ជា​ក្រុមហ៊ុន​ផលិតស្រាបៀដែល​បាន​ទើបប្រឡូកទីផ្សារ​ថ្មីថ្មោង​។ រោងចក្រ​​តម្លៃ ១៦០ លាន​ដុល្លារអាមេរិករបស់ក្រុមហ៊ុន HANUMAN BEVERAGES មានទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីក្រុមហ៊ុន​មិន​បាន​បញ្ជាក់ពីតម្លៃ​កុងត្រា​ជាមួយ​​តារា​រ៉េប​លំដាប់​អន្តរជាតិ​ ឬកិច្ចសន្យា​ចង​ភ្ជាប់យ៉ាងណា​ ទើប​តារា​រូបនេះ​បាន​ចុះកិច្ចព្រមព្រៀង​ក្នុង​សហការ​គ្នា​លើ​ការងារ​ថ្មីនេះ។

អតិថិជន​​ចាប់ផ្តើម​ស្គាល់​យីហោ​​ស្រាបៀ​ ហនុមាន តាម​រយៈ​រសជាតិ​ថ្មី​ប្លែក និង​ក្រោយ​មានការ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុសលើ​បណ្តាញ​សង្គម។

ក្រៅពីស្រាបៀហនុមាន រោងចក្រ​ស្រាបៀថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​វឌ្ឍនៈ​ដែល​​ប្រើ​ទុន​វិនិយោគ ១៣៩ លាន​ដុល្លារ មាន​ទីតាំង​នៅ​ខណ្ឌ​ច្បារអំពៅ ក៏​បាន​​ចាប់ផ្តើមខ្សែ​ចង្វាក់ផលិតកម្មនៅ​ឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។

ឧស្សាហកម្ម​ផលិត​ស្រាបៀរ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​មួយ​ភាគ​ធំ​ក្នុង​ចំណូល​ថវិកា​ជាតិ​តាម​រយៈ​ការ​បង់​ពន្ធ។

បើ​តាម​ប្រភព​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​បាន​ចុះបញ្ជី​​ចំនួន ១០ កំពុង​ដំណើរការ​ក្នុង​នោះរួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និង​ក្រុមហ៊ុន Phnom Penh Beer Co., Ltd៕