ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា រលកនៃការតវ៉ា និងអំពើហិង្សានៅប្រទេសបារាំង គឺជាផលវិបាកនៃគោលនយោបាយអន្តោប្រវេសន៍ ហើយបានអំពាវនាវឱ្យប្រទេសបារាំង និងបណ្តាប្រទេសតំបន់អឺរ៉ុបផ្សេងទៀត រឹតបន្តឹងព្រំដែនរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី១៩ ខែតុលា ថា៖ “អ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំង គឺទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ មិនមែនរឿងសាលារៀន ឬរឿងអ្វីផ្សេងទៀតនោះទេ។ ខ្ញុំធ្លាប់បានប្រាប់ប្រធានាធិបតី លោក Emmanuel Macron រួចហើយថា បារាំងគួរតែបិទព្រំដែនរបស់ពួកគេ”។
មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃដដែលនោះ លោក ត្រាំ បានពណ៌នាប្រទេសបារាំងថាកំពុងឆេះរោលរាល ដោយបានអះអាងថា ជនអន្តោប្រវេសន៍ដែលពោរពេញដោយភាពស្អប់ខ្ពស់ កំពុងបំផ្លិចបំផ្លាញប្រទេសនៅអឺរ៉ុបមួយនេះ។
ជម្រាបជូនថា ការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលដែលប្រទេសបារាំង កាលពីចុងសប្តាហ៍មុន ត្រូវរង្គោះរង្គើដោយការតវ៉ាទូទាំងប្រទេសដែលមានមនុស្សចន្លោះពី ៥៥០ ០០០ ទៅ ៨០០ ០០០ នាក់ បានចេញមកប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃសេវាសាធារណៈ។ ខណៈពេលដែលអ្នកតវ៉ាភាគច្រើនបានដើរក្បួនដោយសន្តិវិធីតាមដងផ្លូវ ទីតាំងមួយចំនួនបានធ្លាក់ចេញពីការគ្រប់គ្រង ហើយបានប្រែក្លាយទៅជាអំពើចលាចល៕

