លោក ត្រាំ ថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ លោក ស៊ី មានភាពពិបាកខ្លាំង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ កាលពីពេលថ្មីៗនេះ បានលើកសរសើរចំៗអំពីទំនាក់ទំនងរ​វាងលោក ជាមួយប្រធានាធិបតីចិន ប៉ុន្តែក៏បានទទូចផងដែរថា វានឹងពិបាកខ្លាំងក្នុងការឈានដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយលោក ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងការបង្ហោះសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី៤ ខែមិថុនាថា ៖”ខ្ញុំចូលចិត្តប្រធានាធិបតី ស៊ី ជិនពីង នៃប្រទេសចិនខ្លាំងណាស់ ហើយតែងតែមានឆន្ទៈ ប៉ុន្តែគាត់គឺជាបុរសតឹងតែង និងពិបាកចរចាដោះស្រាយជាមួយបំផុត” ។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា មេដឹកនាំអាមេរិក និងចិនអាចនិយាយគ្នាតាមទូរស័ព្ទក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយ និងបញ្ហាពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការហៅទូរស័ព្ទរវាងលោកប្រធានាធិបតី លោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃទី៣ ខែមិថុនាថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ដើម្បីផ្តល់ឲ្យនៅឡើយនោះទេ។

មេដឹកនាំអាមេរិក និងចិន មិនបាននិយាយគ្នាតាមទូរស័ព្ទទេ ចាប់តាំងពីលោកប្រធានាធិបតី ត្រាំ ឡើងកាន់អំណាចមក។ ប្រធានាធិបតី​អាមេរិក​រូបនេះ ​ធ្លាប់បាន​លាតត្រដាង​ថា ប្រធានាធិបតី​ចិន​បាន​ទូរស័ព្ទ​មកកាន់លោក ​កាលពី​ខែមេសា ប៉ុន្តែ​រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ បាន​ទទូច​ថា​មិនមាន​ព្រឹត្តិការណ៍​បែបនេះ​កើតឡើង​ទេ។

ជម្រាបជូនថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបន្តកើនឡើងចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងមក។ កាលពីខែមេសា សហរដ្ឋអាមេរិកបានដាក់ពន្ធនាំចូលសរុបចំនួន ១៤៥% លើទំនិញទាំងអស់របស់ចិន ខណ:ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានសងសឹកជាមួយនឹងពន្ធ ១២៥% វិញ។ បន្ទាប់ពីកិច្ចចរចារយៈពេលពីរថ្ងៃនៅប្រទេសស្វីស កាលពីដើមខែឧសភា ក្រុមមន្ត្រីនៃប្រទេសទាំងពីរ បានយល់ព្រមកាត់បន្ថយពន្ធនាំចូលគ្នាទៅវិញទៅមក រយៈពេល ៩០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការចរចាបន្ថែមទៀត៕