យោងតាមអ្នកជំនាញបានបង្ហាញការជឿជាក់ថា ការពង្រីកកម្មវិធីទិញមូលបត្របំណុលរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក រួមជាមួយនឹងកត្តាបច្ចេកទេសជាច្រើន នឹងក្លាយជាកម្លាំងចលករនៅពីក្រោយការកើនឡើងជាបន្តបន្ទាប់នៃតម្លៃមាសនៅសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សម្រាប់ការជួញដូរលើកចុងក្រោយ គិតចាប់ពីថ្ងៃទី១៧-២៣ ខែសីហា តម្លៃមាសពិភពលោកបានកើនឡើងលើសកម្រិត ៤ ៦០០ដុល្លារក្នុងមួយអោន ដែលតំណាងឲ្យការកើនឡើងជិត ៥% បន្ទាប់ពីវគ្គជួញដូរចំនួន៥ លើកកន្លងមក។
ហើយជុំវិញមូលហេតុចម្រងនៃការកើនឡើងនេះ គឺកើតឡើងដោយសារការព្រួយបារម្ភអំពីនិរន្តរភាពបំណុលរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងការពង្រីកកម្មវិធីទិញមូលបត្របំណុលរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ បើតាមការស្ទង់មតិប្រចាំសប្តាហ៍របស់ស្ថាប័ន Kitco News បង្ហាញថា អ្នកជំនាញរបស់ Wall Street ៧៣% នៅតែមានសុទិដ្ឋិនិយមអំពីតម្លៃមាសនៅសប្តាហ៍នេះ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងជាបន្តបន្ទាប់កន្លងមក។
លើសពីនេះ លោក Marc Chandler នាយកប្រតិបត្តិនៃក្រុមហ៊ុន Bannockburn Global Forex ក៏បាននិយាយផងដែរថា មាសបានកើនឡើងសម្រាប់សប្តាហ៍ទីបីជាប់ៗគ្នារួចមកហើយ ដូច្នេះវានឹងនៅតែអាចបន្តកើនឡើងបន្ថែមទៀត។ លោកក៏បានណែនាំផងដែរថា កម្លាំងចលករសម្រាប់តម្លៃហក់ឡើងរបស់មាស គឺបានមកពីក្រសួងរតនាគារសហរដ្ឋអាមេរិកដែលកំពុងស្វែងរកការទប់ស្កាត់ការកើនឡើងនៃទិន្នផលមូលបត្របំណុលរយៈពេលវែងដោយនៅតែមិនកាត់បន្ថយការចេញលក់របស់ខ្លួន៕

