ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបន្តជើងហោះហើរត្រង់ទៅកាន់ប្រទេសកូរ៉េខាងជើងឡើងវិញ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Air China បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរឡើងវិញរវាងទីក្រុងប៉េកាំង និងកូរ៉េខាងជើង ចាប់ពីថ្ងៃទី៣០ ខែមីនា បន្ទាប់ពីសេវាកម្មរថភ្លើងដឹកអ្នកដំណើរដែលដំណើរការរវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញផងដែរ នៅដើមសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលគ្រប់គ្រងដោយរដ្ឋ បានបង្ហាញឲ្យដឹងថាជើងហោះហើរពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុងព្យុងយ៉ាង រដ្ឋធានីរបស់កូរ៉េខាងជើង នឹងដំណើរការរៀងរាល់ថ្ងៃច័ន្ទ រហូតដល់ថ្ងៃទី១៨ ខែឧសភា ហើយនឹងត្រូវកាត់បន្ថយមកនៅត្រឹមតែពីរជើង ក្នុងមួយខែវិញ ចាប់ពីខែមិថុនា។

គួរឲ្យដឹងថា នៅឆ្នាំ២០២០ ជាមួយនឹងការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ កូរ៉េខាងជើង បានហាមឃាត់អ្នកទេសចរ បញ្ជូនអ្នកការទូតចេញ និងកាត់បន្ថយចរាចរណ៍ព្រំដែនយ៉ាងខ្លាំងក្លា ដែលត្រូវបានចាត់ទុកថាការរឹតបន្តឹងកូវីដដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។

យ៉ាងណាមិញ នៅពីរឆ្នាំក្រោយមក ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង និងបើកព្រំដែនរបស់ខ្លួនឡើងវិញបន្តិចម្តងៗ ដោយនៅឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់កូរ៉េខាងជើងបានបន្តជើងហោះហើររវាងរដ្ឋធានីនៃប្រទេសទាំងពីរឡើងវិញ។

នៅខែកុម្ភៈ ឆ្នាំ២០២៤ កូរ៉េខាងជើង ក៏បានទទួលយកអ្នកទេសចររុស្ស៊ីមួយចំនួនសម្រាប់ការទស្សនាកម្សាន្តផងដែរ និងត្រូវបានចាត់ទុកជាជនជាតិបរទេសដំបូងគេដែលបានមកទស្សនាប្រទេសនេះ។ ក្រោយមក កូរ៉េខាងជើង ក៏បានចាប់ផ្តើមស្វាគមន៍អ្នកទេសចរផ្សេងទៀតផងដែរ៕​