រដ្ឋាភិបាលចិន បានប្រកាសថានឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួន រួមទាំងប្រទេសអ៊ីរ៉ង់ផងដែរ ដើម្បីកាត់បន្ថយការលំបាកដែលប្រជាជននៅទីនោះកំពុងជួបប្រទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នៅថ្ងៃទី១៧ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ជម្លោះនេះបានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាដទៃទៀត។
លោក Lin បានបន្ថែមទៀតថា៖ “ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ យើងសង្ឃឹមថារឿងនេះនឹងជួយកាត់បន្ថយការលំបាកមនុស្សធម៌ដែលប្រជាជនក្នុងតំបន់នោះកំពុងជួបប្រទះ។ យើងនឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងបញ្ចប់អរិភាព និងការពារវិបត្តិមនុស្សធម៌ពីការរីករាលដាលនៃជម្លោះបន្ថែមទៀត”។
គួរឲ្យដឹងថា ប្រទេសចិនកំពុងស្វែងរកការសម្របសម្រួលបញ្ចប់ជម្លោះដ៏ធំនេះ ខណៈបេសកជនពិសេសរបស់ប្រទេសចិនសម្រាប់កិច្ចការមជ្ឈិមបូព៌ាបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត។
ជម្រាបជូនថា អ៊ីរ៉ង់ និងលីបង់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេ ដោយជម្លោះដែលបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ។ យោងតាមក្រសួងសុខាភិបាលលីបង់ គិតត្រឹមថ្ងៃទី១៥ ខែមីនា យ៉ាងហោចណាស់មានមនុស្ស ៨៥០ នាក់បានស្លាប់ និងជាង ២ ១០០ នាក់រងរបួស ខណៈនៅក្នុងប្រទេសអ៊ីរ៉ង់ មានមនុស្សប្រមាណ ១ ២០០-១ ៤០០ នាក់បានស្លាប់ និងជាង ១៨ ០០០ នាក់រងរបួស៕

