ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តធំៗចំនួនប្រាំបីផ្សេងទៀត បានប្រកាសថាពួកគេនឹងប្រមូលរថយន្តសរុបប្រហែល ៤,៣ លានគ្រឿងនៅក្នុងប្រទេសចិន ត្រលប់មកជួសជុលវិញ ដោយសារការព្រួយបារម្ភថាទ្វារអាចពិបាកបើកក្នុងគ្រាអាសន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញវិធានការដោះស្រាយសម្រាប់ការប្រមូលរថយន្តត្រលប់មកវិញនេះ មានចាប់តាំងពីការអាប់ដេតកម្មវិធី រហូតដល់ការដាក់ស្លាកសញ្ញាព្រមាន និងសញ្ញាសម្គាល់ដែលជាជំនួយជុំវិញចំណុចទាញទ្វារ នៅពេលមានគ្រាអាសន្ន។
គួរឲ្យដឹងថា ទីក្រុងប៉េកាំង នៅឆ្នាំនេះបានបង្កើនការត្រួតពិនិត្យយ៉ាងដិតដល់ទៅលើឧស្សាហកម្មរថយន្តអគ្គិសនី និងបានណែនាំតម្រូវការសុវត្ថិភាពកាន់តែតឹងរ៉ឹង ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តធំៗ ដែលមានការប្រកួតប្រជែងគ្នា បានដាក់ចេញបច្ចេកវិទ្យាថ្មីៗ នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។
យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា ដោយសារភាពទំនើបពេក បានធ្វើឲ្យការបើកទ្វាររថយន្ត មានភាពពិបាកជាវិធីសាស្រ្តសាមញ្ញ នៅពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ។
ក្រៅពី Tesla និង Xiaomi ក្រុមហ៊ុន Leapmotor, Xpeng និង Geely Holding ក៏បានប្រកាសពីការប្រមូលរថយន្តច្រើនបំផុតមិនធ្លាប់មានពីមុនមកផងដែរ។ នេះបើយោងតាមឯកសារដែលបានដាក់ជូននិយតករចិន SAMR។
គួរជម្រាបជូនថា ក្រុមហ៊ុន Xiaomi បានប្រកាសថនឹងប្រមូលរថយន្តប្រហែល ៣៩០ ០០០ គ្រឿង, Leapmotor ប្រហែល ៣៧១ ០០០ គ្រឿង និង Xpeng ប្រហែល ២៦៤ ០០០ គ្រឿង ខណៈក្រុមហ៊ុនផ្សេងទៀតប្រមូលមកវិញក្នុងចំនួនតិចតួចជាង៕

