គិតនៅត្រឹមព្រឹកថ្ងៃទី៨ ខែតុលានេះ តម្លៃមាសនៅលើពិភពលោក បានកើនឡើងលើសពី ៤ ០០០ ដុល្លារក្នុងមួយអោន ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បច្ចុប្បន្ននេះ មាសជួញដូរទូទៅក្នុងមួយអោនៗ មានតម្លៃ ៤ ០១១ដុល្លារ ចំណែកឯមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើងដល់ ៤ ០២៥ដុល្លារ ក្នុងមួយអោន។
ជុំវិញការហក់ឡើងយ៉ាងខ្លាំងនៃតម្លៃមាសនេះ ត្រូវបានកើតឡើង ចំពេលកំពុងមានភាពភ័យខ្លាចទៅលើស្ថានភាពសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់ទៅនឹងគោលនយោបាយអាមេរិក ខណៈពេលដែលមានក្តីរំពឹងទុកថា ធនគារកណ្តាលអាមេរិក (Fed) នឹងបន្តកាត់បន្ថយអត្រាការប្រាក់ នៅចុងខែនេះ ផងដែរ។
គួរឲ្យដឹងផងដែរថា មាស ត្រូវបានគេចាត់ទុកថាជាទ្រព្យដ៏សុវត្ថិភាពបំផុត នៅពេលដែលភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចកំពុងមានកើនឡើងខ្លាំង។ ហើយតម្លៃរបស់មាស ត្រូវបានគេមើលឃើញថា បានកើនឡើង ៥២% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំនេះមក។
ជម្រាបជូនផងដែរថា ក្រៅតែពីមាស លោហៈដ៏មានតម្លៃផ្សេងទៀត ក៏បានកើនឡើងផងដែរ ដោយក្នុងនោះប្រាក់ បានកើនឡើង ០,៥% ដល់ ៤៨ដុល្លារក្នុងមួយអោន និងផ្លាទីនបានកើនឡើង ២,២% ដល់ ១ ៦៥៣ដុល្លារ៕

