ក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់រដ្ឋចិន កាលពីពេលថ្មីៗនេះ បានប្រកាសឈប់ទិញចូលប្រេងរបស់ប្រទេសរុស្ស៊ីតាមរយៈការដឹកជញ្ជូនក្នុងសមុទ្រ ដោយសារតែខ្លាចរងទណ្ឌកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៣ ខែតុលា ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពជិតស្និទ្ធម្នាក់ដែលបាននិយាយថា ក្រុមហ៊ុនរដ្ឋចិនធំៗរួមមាន PetroChina, Sinopec, CNOOC និង Zhenhua Oil នឹងបញ្ឈប់ការទិញចូលប្រេងឥន្ធនៈពីរុស្ស៊ីក្នុងរយៈពេលខ្លី។ ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនប្រេងធំជាងគេបំផុតចំនួនពីររបស់រុស្ស៊ីគឺ Rosneft និង Lukoil កាលពីថ្ងៃទី២២ ខែតុលា។
យ៉ាងណាមិញ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា ដែលជាអ្នកទិញប្រេងរុស្ស៊ីធំជាងគេតាមសមុទ្រ ក៏ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីទីក្រុងមូស្គូយ៉ាងខ្លាំងផងដែរ ស្របតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមអ្នកវិភាគ បាននិយាយថា ការធ្លាក់ចុះនៃតម្រូវការពីអតិថិជនធំបំផុតពីររបស់ខ្លួន នឹងកាត់បន្ថយប្រាក់ចំណូលពីប្រេងយ៉ាងច្រើនរបស់រុស្ស៊ី។ ហើយវាអាចបង្ខំឱ្យប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងកំពូលរបស់ពិភពលោក ស្វែងរកការផ្គត់ផ្គង់ពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក ឬអាមេរិកឡាទីនជំនួសវិញ។
ជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសចិន នាំចូលប្រេងរុស្ស៊ីចំនួន ១,៤លានបារ៉ែលក្នុងមួយថ្ងៃតាមសមុទ្រ ដោយភាគច្រើនប្រើប្រាស់សម្រាប់រោងចក្រចម្រាញ់ប្រេងឯកជនតូចៗ នៅក្នុងស្រុក៕

