សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជំរុញប្រទេសអាល្លឺម៉ង់ទទួលទិញកសិផលពីកម្ពុជាបន្ថែម និងជំរុញការវិនិយោគពីអាល្លឺម៉ង់បណ្ដាក់ទុននៅកម្ពុជាក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានច្រើន។ នេះបើតាមជំនួបរវាងសម្ដេច ឃួន សុដារី ជាមួយ លោកស្រី ស៊ីល ខេ រ៉ូហ្វឺ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាថ្ងៃថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

នាជំនួបនេះ សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍លោកស្រី ដែលត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជាស្រ្តីដំបូងគេ ដែលបានអញ្ជើញមកបំពេញបេសកកម្មការតំណាងទូតអាល្លឺម៉ង់នៅកម្ពុជា។
សម្ដេចមានជំនឿថា នៅក្នុងអាណត្តិលោកស្រីនៅនៅកម្ពុជា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនឹងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យបន្ថែមទៀត។

លោកស្រី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានជម្រាបជូនសម្ដេចពីគម្រោងជាច្រើន ដែលអាល្លឺម៉ង់បានរួមសហការជាមួយកម្ពុជាលើគ្រប់វិស័យ មានទាំងកសិកម្ម អប់រំ បច្ចេកវិទ្យា ថាមពល សន្តិសុខ ទេសចរណ៍ ជាដើម។ លោកស្រី ពេញចិត្តយ៉ាងខ្លាំង ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរដែលរឹងមាំ និងរីកចម្រើនឥតឈប់ឈរ ហើយនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបទី៦០ឆ្នាំ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ សម្តេចប្រធានរដ្ឋសភា ក៏លើកឡើងថាអាល្លឺម៉ង់បានជួយកម្ពុជាស្ទើរគ្រប់វិស័យពិសេសការអប់រំ។ ក្រៅពីការស្នើដល់អាល្លឺម៉ង់បង្កើនអាហារូបករណ៍ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា សម្តេចក៏បានស្នើលោកស្រី ជួយកសាងសមត្ថភាព ជូនតំណាងរាស្ត្រ ដើម្បីលោកមានលទ្ធភាពកាន់តែសម្បូរបែប ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចក៏បានស្នើអាល្លឺម៉ង់ មកបោះទុនវិនិយោគនៅកម្ពុជា និងបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ ដល់ការអភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថលជាដើម៕ អត្ថបទ៖ ហ្សាលីន


