Samsung ដណ្តើមបានតំណែងលេខ១ នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា សារជាថ្មី

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics បានវ៉ាដាច់ក្រុមហ៊ុន Vivo របស់ចិន នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា ដោយដណ្តើមបានតំណែងលេខ១ ត្រឡប់មកវិញ ក្នុងចំណែកទីផ្សារប្រចាំត្រីមាស បន្ទាប់ពីបានបាត់បង់តំណែងនេះអស់រយៈពេលប្រហែល ២ឆ្នាំកន្លះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខណៈពេលដែលក្រុមហ៊ុនលក់ទូរសព្ទរបស់ចិន ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើម៉ូដែលតម្លៃថោក បានបាត់បង់សមត្ថភាពប្រកួតប្រជែងផ្នែកតម្លៃរបស់ខ្លួន ដោយសារតែការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់អង្គចងចាំ ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុន Samsung អាចរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ដោយបានដាក់លក់ទាំងស្មាតហ្វូនតម្លៃសមរម្យ និងស្មាតហ្វូនកម្រិតខ្ពស់ (premium) ក្នុងពេលតែមួយ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Omdia នៅថ្ងៃទី២០ ខែតុលា បានឱ្យដឹងថា ចំនួនស្មាតហ្វូនសរុបដែលបាននាំចូលទៅក្នុងទីផ្សារឥណ្ឌាក្នុងត្រីមាសទី៣ នៃឆ្នាំនេះ (រាប់ចាប់ពីខែកក្កដា ដល់ ខែកញ្ញា) ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៥,៨ លានគ្រឿង ដែលថយចុះ ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា បើទោះបីជាស្ថិតក្នុងស្ថានភាពទីផ្សារធ្លាក់ចុះក៏ដោយ ក៏ក្រុមហ៊ុន Samsung បាននាំចូលស្មាតហ្វូនក្នុងចំនួនសរុប ៦,៧ លានគ្រឿងក្នុងត្រីមាសទី៣ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ១ ជាមួយនឹងចំណែកទីផ្សារ ១៩% ។

ជម្រាបជូនថា ក្រុមហ៊ុន Vivo ដែលធ្លាប់ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងត្រីមាសមុន បានឃើញចំនួននៃការនាំចេញស្មាតហ្វូនរបស់ខ្លួនមកកាន់ទីផ្សារឥណ្ឌា ធ្លាក់ចុះ ៣៤% មកនៅត្រឹម ៦,៤ លានគ្រឿង ដែលធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំណែកទីផ្សារ ១៨%៕​