ប្រទេសចិន នាំចូលមាសនៅក្នុងចំនួនច្រើនបំផុតក្នុងរយៈពេល ២ឆ្នាំចុងក្រោយ

អន្តរជាតិ

ប្រទេសចិន បាននាំចូលមាសសរុបជាង ១៧០ តោននៅក្នុងខែមិថុនា ដោយសារតែតម្លៃធ្លាក់ចុះដែលធ្វើឲ្យលោហៈដ៏មានតម្លៃនេះមានភាពទាក់ទាញដល់ពលរដ្ឋចិនដែលជាទីផ្សារអ្នកប្រើប្រាស់មាសធំជាងគេបំផុតរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមទិន្នន័យពីគយចិន បានបង្ហាញកាលពីចុងសប្តាហ៍ថា ការនាំចូលមាសរបស់ប្រទេសនេះ បានកើនឡើងសម្រាប់ខែទីបីជាប់ៗគ្នា។ នៅក្នុងខែមិថុនា ប្រទេសនេះបានទិញមាសចំនួន ១៧៣ តោន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២៤ មក។ តួលេខនេះធ្វើឱ្យការនាំចូលមាសរបស់ប្រទេសចិនសម្រាប់ឆមាសទីមួយនៃឆ្នាំនេះមានចំនួនសរុប ៨២០ តោន ពោលគឺជាចំនួនស្ទើរតែទ្វេដងនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ តម្លៃមាសទាប និងប្រាក់យ៉ន់កាន់តែរឹងមាំបានជំរុញតម្រូវការវិនិយោគ។ មាសស្ថិតនៅក្រោមសម្ពាធខ្លាំង ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា នៅចុងខែកុម្ភៈមក។ ការកើនឡើងនៃតម្លៃប្រេងបានជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ ដែលបង្កើនការព្រួយបារម្ភថាធនាគារកណ្តាលសកលនឹងដំឡើងអត្រាការប្រាក់។

លើសពីនេះ ធនាគារចិននានា ក៏កំពុងឆ្លៀតឱកាសនេះដើម្បីស្តុកទុកមាសដើម្បីបំពេញតម្រូវការលក់រាយផងដែរ។ ពួកគេត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាល ដើម្បីនាំចូលមាសក្រោមកូតា។ ដំណើរការនេះត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។

គួរជម្រាបជូនថា នៅក្នុងខែមិថុនានោះផងដែរ ធនាគារប្រជាជនចិន (PBOC) បានប្រកាសថា ទុនបម្រុងមាសរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង និងជាចំនួនច្រើនបំផុតក្នុងរយៈពេល ២,៥ឆ្នាំចុងក្រោយ ពោលគឺជិត ១៥ តោនបន្ថែមទៀត។ PBOC បានទិញមាសអស់រយៈពេល ២០ខែជាប់ៗគ្នារួចមកហើយ គិតនៅត្រឹមខែមិថុនា ដែលធ្វើឲ្យទុនបម្រុងមាសសរុបរបស់ប្រទេសនេះកើនឡើងដល់ ៧៥,៤៤ លានអោន ឬប្រមាណជាង ២ ៣៥៧ តោន៕​