TikTok គ្រោងនឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅប៉ុន្មានឆ្នាំខាងមុខ

អន្តរជាតិ

កម្មវិធីដ៏ល្បីល្បាញបំផុត TikTok ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនខ្នាតយក្សចិន ByteDance បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើការបណ្តាក់ទុនរាប់ពាន់លានដុល្លារ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់រយ:ពេលប៉ុន្មានឆ្នាំខាងមុខ ព្រោះមើលឃើញពីទីផ្សារដ៏សំខាន់នៅក្នុងតំបន់នេះ ចំពេលកំពុងមានការត្រួតពិនិត្យជាសកលលើសុវត្ថិភាពទិន្នន័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនសរុប ៦៣០ លាននាក់ គឺជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ TikTok ទាក់ទងទៅនឹងចំនួនអ្នកប្រើប្រាស់ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ បានកត់ត្រាថាមានអ្នកចូលទស្សនាកម្មវិធីរបស់ខ្លួន ច្រើនជាង ៣២៥ លាននាក់ ជារៀងរាល់ខែ​។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ TikTok លោក Shou Zi Chew បាននិយាយ នៅក្នុងវេទិកាមួយ ដែលខ្លួនបានរៀបចំធ្វើឡើង នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលថ្មីៗនេះថា ៖ ” យើងនឹងធ្វើការវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ” ។

ប៉ុន្តែទន្ទឹមនឹងនេះ TikTok មិនបានផ្តល់នូវព័ត៌មានលម្អិតណាមួយ ទាក់ទងទៅនឹងផែនការនៃការចំណាយរបស់ខ្លួននៅឡើយនោះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងធ្វើការវិនិយោគទៅលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកលក់តូចៗ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក TikTop Shop របស់ខ្លួន ។

មិនតែប៉ុណ្ណោះ លោក Chew បានបន្ថែមឱ្យដឹងទៀតថា TikTok បច្ចុប្បន្នមានបុគ្គលិកចំនួន ៨ ០០០ នាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានអ្នកលក់តូចៗចំនួន ២ លាននាក់ បានដាក់លក់ទំនិញរបស់ពួកគេ នៅលើវេទិកាអនឡាញរបស់ខ្លួន នៅឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុត នៅក្នុងតំបន់នេះ ៕