(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន, តំណាងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសំណង់និងអចនវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។
កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ០១២ របស់អាជ្ញាធរសេវាហិរញវត្ថុមិនមែនធនាគារ ស្តីពីតម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ , ២.បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុដោយគ្មានអាជ្ញាប័ណ្ណ និង ៣.បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ៕







