ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បើកកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដើម្បីបង្កើនជំនឿទុកចិត្តជូនដល់សហគមន៍ធុរកិច្ចជប៉ុន សំដៅទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងកាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើនជំនឿទុកចិត្តជូនដល់សហគមន៍ធុរកិច្ចជប៉ុន សំដៅទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់បរិយាកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបើកកិច្ចពិភាក្សាស៊ីជម្រៅរវាងភាគីទាំងពីរ កម្ពុជា-ជប៉ុន លើប្រធានបទជាអាទិភាព ដោយបានផ្លាស់ប្តូរយោបល់ដើម្បីស្វែងដំណោះស្រាយជាក់ស្តែង សំដៅសម្រួលដល់ប្រតិបត្តិការធុរកិច្ច និងការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន។
សូមជម្រាបដែរថា កិច្ចប្រជុំលើកទី៣២ នេះ គឺជាយន្តការសន្ទនាផ្លូវការដ៏មានប្រសិទ្ធភាព និងជាវេទិកាយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជប៉ុន ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរ ក៏ដូចជាលុបបំបាត់របាំងធុរកិច្ចផ្សេងៗ។ តាមរយៈកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ ធានានូវតម្លាភាព និងភាពព្យាករណ៍បាន ដើម្បីទាក់ទាញ និងរក្សាទុកនូវវិនិយោគិនជប៉ុន ព្រមទាំងបង្កើនទំនុកចិត្តលើការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានចីរភាព និងរីកចម្រើនឥតឈប់ឈរ៕ អត្ថបទ៖ហ្សាលីន

