ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺកាន់តែខិតជិតជាងពេលណាៗទាំងអស់ ខណៈពេលដែលប្រធានាធិបតី លោក Zelensky ចង់បានកិច្ចចរចាត្រីភាគីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃទី២១ ខែតុលា ថា៖ “កាលពីថ្ងៃមុន ខ្ញុំបាននិយាយជាមួយលោក វ្លាឌីមៀ ពូទីន អំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ខ្ញុំគិតថាយើងកំពុងខិតជិតគោលដៅនោះ ដែលវាប្រហែលជាកាន់តែជិតជាងពេលណាៗទាំងអស់”។
យ៉ាងណាមិញ ជុំវិញសេចក្តីប្រកាសនេះបានកើតឡើង នៅពេលដែលបេសកជនអាមេរិក លោក Steve Witkoff បានអញ្ជើញដល់ទីក្រុង St. Petersburg ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី ដោយនាំយកមកជាមួយនូវគំនិត សម្រាប់កិច្ចព្រមព្រៀងសន្តិភាពសក្តានុពលមួយនៅក្នុងជម្លោះអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងនៅថ្ងៃដដែលនោះផងដែរថា លោកបាននិយាយជាមួយមន្ត្រីអាមេរិក បន្ទាប់ពីកិច្ចពិភាក្សារបស់បេសកជនពិសេសរវាងលោក Witkoff ជាមួយលោក ពូទីន ហើយបានទទួលព័ត៌មានត្រឡប់មកវិញថា រុស្ស៊ីគាំទ្រដល់ការរៀបចំកិច្ចប្រជុំត្រីភាគីរវាងភាគីចរចា។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានបន្ថែមថា ទីក្រុងគៀវ (Kyiv) គាំទ្ររាល់សំណើសម្រាប់បទឈប់បាញ់ ការបញ្ចប់ជម្លោះ ការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគំនិតផ្តួចផ្តើមផ្នែកមនុស្សធម៌ផងដែរ៕

