កម្ពុជា-ចិន រួមគ្នាជំរុញពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សអភិវឌ្ឍន៍សេដ្ឋកិច្ច បានជួបពិភាក្សាជាមួយនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មចិន ដើម្បីជំរុញពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួយរវាង លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោក Cao Wen អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ជំនួបនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋនៃសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តនឹងកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងតួនាទីដ៏សំខាន់របស់វិនិយោគិនចិន ដែលបន្តឈរជើងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីបើកច្រកទីផ្សារឱ្យកាន់តែទូលំទូលាយ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានប្តេជ្ញាបបន្តពង្រឹងយន្តការពិគ្រោះយោបល់ទៀងទាត់តាមរយៈថ្នាលសំខាន់ៗ មានជាអាទិ៍៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន, កិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន, និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕ អត្ថបទ៖ ហ្សាលីន