សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើន ៤,០% នៅឆ្នាំ២០២៦ និងហក់ឡើងដល់ ៤,៨% នៅឆ្នាំ២០២៧ខាងមុខ។ របាយការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ត្រូវបានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីយ៉ាងរលូន កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។

ដើម្បីធានាបាននូវភាពជាក់ស្តែងនិយម ក្នុងការវាយតម្លៃការវិវត្តរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីធានាភាពជឿទុកចិត្តបាននៃការរៀបចំគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងអនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំធ្វើបច្ចុប្បន្នកម្មលើ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩»។ ការធ្វើបច្ចុប្បន្នកម្មនេះ គឺផ្អែកលើទិន្នន័យ ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ ព្រមទាំងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៧។

ផ្អែកតាមការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% សម្រាប់ឆ្នាំ២០២៧។
ជារួម ដើម្បីគាំទ្រដល់និរន្តរភាពនៃកំណើននេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះៗដូចជា ការពង្រឹងការកៀរគរចំណូលដើម្បីជំរុញប្រភពចំណូលជាតិឱ្យកាន់តែមានប្រសិទ្ធភាព ការធ្វើអាទិភាវូបនីយកម្មនិងលើកកម្ពស់ប្រសិទ្ធភាពចំណាយដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ និងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុសាធារណៈដោយប្រយ័ត្នប្រយែង ដើម្បីរក្សាលំហថវិកានិងធានាចីរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលមធ្យមឱ្យបានរឹងមាំ។

