កម្ពុជា និងក្រុមហ៊ុនហ្វាំងឡង់ ពិភាក្សាពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងឧតុនិយម និង​ក្រុមហ៊ុន Vaisala ដែលមានទីស្នាក់ការក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់ បានជួបពិភាក្សាគ្នា ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការផលិតប្រព័ន្ធរ៉ាដា និងធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងឧបករណ៍ជលសាស្ត្រ-ឧតុនិយម និងរ៉ាដារបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ ធ្វើឡើងរវាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោក Panu Partanen អនុប្រធានក្រុមហ៊ុន Vaisala ទទួលបន្ទុកផ្នែកអាកាសធាតុ ថាមពលនិងបរិស្ថាន កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុន Vaisala ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។ លោក ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vaisala ស្តង់ដារផលិតកម្ម ការធានាគុណភាព និងការគាំទ្រប្រតិបត្តិការរយៈពេលវែង។ ជាពិសេស ការរៀនសូត្រពីបទពិសោធន៍អន្តរជាតិ និងរបៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាចរួមចំណែកដល់ការពង្រឹងសេវាឧតុនិយមជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមហ៊ុនចូលរួមក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈដំណើរការផ្គត់ផ្គង់ដែលមានតម្លាភាព និងប្រកួតប្រជែង ហើយដែលនឹងរួមបញ្ចូលផងដែរនូវការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្របច្ចេកទេសរយៈពេលវែង ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេសកម្ពុជា និងធានាបាននូវនិរន្តរភាពនៃការវិនិយោគ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Vaisala បានបង្កើតឡើងក្នុងឆ្នាំ១៩៣៦ មានបុគ្គលិកសរុបជាង ១៩០០នាក់ និងមានការិយាល័យជាង ៣០ នៅជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន បានដំឡើង Doppler Rada កម្រិត X-band ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគាំទ្រដល់សេវាកម្មអាកាសចរណ៍៕ អត្ថបទ៖ហ្សាលីន