លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយប្រតិភូពាណិជ្ជករអាមេរិកជំរុញការនាំចេញ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកនឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជករ និងវិនិយោគិនមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហរសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍។

គួរបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូពាណិជ្ជករ និងវិនិយោគិនមកពីរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វរញ៉ា និង បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាសមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI ) ដែលជាសហប្រធានក្នុងការរៀបចំ សិក្ខាសាលា “ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក” សហការ និងគាំទ្រដោយ សហគ្រិនខ្មែរ Khmer Enterprise (KE) និង សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCHAM) នាថ្ងៃទី០៣ ខែធ្នូ នៅសណ្ឋាគារសុខា នាទីក្រុងភ្នំពេញផងដែរ៕