រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានឱ្យដឹងនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥នេះ គិតត្រឹមខែតុលាឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តស្តង់ដារជាតិបានចំនួន១១៥២ ខណៈដែលស្តង់ដារជាតិទាំងនេះមានតួនាទី សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក។

ថ្លែងក្នុងពិធីបើកទិវាស្តង់ដារពិភពលោកជាលើកទី១នៅកម្ពុជាក្រោមប្រធានបទ“ទស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ ស្តីពីភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា “សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាចកែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ”។
លោកគូសបញ្ជាក់ថា “គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១.១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥”។
បើតាម លោករដ្ឋមន្ត្រី, ស្តង់ដារគឺជាមូលដ្ឋាននៃសុវត្ថិភាព ការបង្កើតថ្មី និងការជឿជាក់របស់អ្នកប្រើប្រាស់។ សូមចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។
លោកលើកឡើងថា “ការដំឡើងកម្រិតសមាជិកភាពនេះអនុញ្ញាតឱ្យកម្ពុជាមានសំឡេងក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិដែលផ្តល់ផលដល់ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់យើង ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ”។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពី ”សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។


