ក្រសួងសាធារណការ ស្វែងរកលុយទិញរថយន្តអគ្គិសនី និងស្នើសុំ UNDP ជួយបង្កើតស្ថានីយ​សាក​ថ្មចំនួន ៥ទីតាំង

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសំុទៅ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួន៥ទីតាំង ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ខណៈដែលក្រសួងបានកំពុងស្វែងរកថវិកាទិញរថយន្តអគ្គិសនី ជាការនាំមុខជាចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លៃងក្នុងពេលដឹកនាំកិច្ចប្រជុំនៅថ្ងៃពុធ ទី៥ មករា ម្សិលមិញ បានឨ្យដឹងថា ក្រសួងបានស្នើសុំទៅ UNDP ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួន ៥ ទីតាំង ១ទីតាំងឋិតនៅទីស្តីការក្រសួងក្រសាធារណការ និងទីតាំង៤កន្លងផ្សេងទៀត ឋិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី។

លើសពីនេះ ក្រសួងសាធារណការក៏បានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២គ្រឿង ទុកសម្រាប់ជាការនាំមុខ និងជាការបង្ហាញថាក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

រដ្ឋាភិបាលនៅតាមបណ្តាប្រទេសទូទាំងពិភពលោកបង្ហាញថា រថយន្តអគ្គិសនីដើរតួនាទីដ៏សំខាន់ នៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងអាចជួយទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី។

បើតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដោយយកពន្ធទាបជាងពាក់កណ្តាល បើធៀបរថយន្តប្រើប្រាស់សាំងដែលនាំចូលមកលក់ក្នុងស្រុក។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មកដល់ពេលនេះ រថយន្តដើរដោយថាមពលអគ្គិសនីនៅប្រទេសកម្ពុជាមានប្រហែល ៤២ គ្រឿងប៉ុណ្ណោះដែលចុះបញ្ជីក្នុងចំណោមរថយន្ត ដែលកំពុងប្រើប្រាស់ជាង ១ លានគ្រឿង។

គួររំលឹកថា ថ្លែងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” កាលពីដើមខែវិច្ឆិកា ឆ្នាំមុន លោក ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍ថា រថយន្តដើរដោយ ថាមពលអគ្គិសនីដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តដើរដោយថាមពល អគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សានៅពេលនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយរបស់លោក វាដូចជាការធ្វើដំណើរតាម រថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។

ជុំវិញរឿងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធរួចមកហើយពេលកន្លងមក។

លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានឨ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើត ឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការ សិក្សាបឋម បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យនិងខ្យល់យ៉ាងច្រើន ដែលជាប្រភពថាមពលកកើតឡើងវិញ ប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។

ដោយឡែក លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាបានបញ្ជាក់ដែលថា ការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យបរិស្ថានស្អាត បៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើងចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានា បាននូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ត្រូវដោះស្រាយការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូន។

លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមសហការគ្នា រវាងការផ្គត់ផ្គង់អគ្គិសនីនិងបណ្តាញអគ្គិសនីនាពេលអនាគត។ លោកថាជាមួយនឹងគោលនយោបាយវៃឆ្លាតនិងការប្ដេជ្ញាខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខ នឹងឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមាន ប្រហែលពី៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ៕