កម្ពុជា គ្រោងចំណូល-ចំណាយរាប់សិបប៊ីលានរៀល សម្រាប់ «ថវិកាឆ្នាំ២០២៧» ដើម្បីការពារអធិបតេយ្យ និងជំរុញសេដ្ឋកិច្ចឱ្យកើន ៤,៨%

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមថវិកាឆ្នាំ២០២៧ ថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។ ផ្អែកលើច្បាប់ហិរញ្ញវត្ថុថ្មីនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនប្រមាណ ៤,០% នៅក្នុងឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ទំហំ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣ ២៧៧ ដុល្លារអាម៉េរិក បើធៀបនឹងចំនួនប្រមាណ ៣ ០៩៨ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការវាយតម្លៃ កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងឆ្នាំ២០២៧ នឹងត្រូវគាំទ្រដោយវិស័យនិងអនុវិស័យសំខាន់ៗដែលជាចន្ទល់ជំរុញកំណើន។ ក្នុងនោះរួមមាន វិស័យឧស្សាហកម្ម ដែលផ្តោតលើអនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់។ វិស័យសេវាកម្ម ក៏ជាកម្លាំងចលករមួយទៀតតាមរយៈអនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុក និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ព្រមទាំងវិស័យកសិកម្ម ដែលរួមមានអនុវិស័យដំណាំ ចិញ្ចឹមសត្វ និងនេសាទ។

នៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុ ចំណូលថវិកាថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៧ ត្រូវបានគ្រោងទុកចំនួន ៣២ ៣២៧ ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃ ផ.ស.ស. ដែលឆ្លុះបញ្ចាំងពីការកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ដោយឡែក ចំណូលថវិកាថ្នាក់ក្រោមជាតិត្រូវបានគ្រោងចំនួន ២ ៨១៩ ប៊ីលានរៀល ដែលមានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋ ឬត្រូវជា ១,១៨% នៃ ផ.ស.ស.។

ចំពោះផែនការចំណាយវិញ ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃ ផ.ស.ស. ឬកើនឡើងចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ សម្រាប់ចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងទុកចំនួន ៥ ០6៨ ប៊ីលានរៀល ត្រូវជា ១១,៩% នៃចំណាយសរុបថវិការដ្ឋ ឬស្មើនឹង ២,១២% នៃ ផ.ស.ស.។

ទោះជាយ៉ាងណា ទំហំថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិខាងលើនេះ នៅមិនទាន់គិតបញ្ចូលនូវកញ្ចប់ថវិការបស់មន្ទីរសុខាភិបាល និងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ រួមមានការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធទៅឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ទូទាំងប្រទេសនៅឡើយទេ។ ដូចនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកា បើគិតបញ្ចូលទាំងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌនេះ ដែលត្រូវផ្ទេរជូនភ្លាមបន្ទាប់ពីច្បាប់ហិរញ្ញវត្ថុត្រូវបានអនុម័ត កញ្ចប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានទំហំសរុបកើនឡើងរហូតដល់ ៧ ៩NT៥៥ ប៊ីលានរៀល ដែលមានសមាមាត្រស្មើនឹង ១,៧% នៃចំណាយសរុបថវិការដ្ឋ ឬត្រូវជា ៣,៣២% នៃ ផ.ស.ស. ទាំងមូល៕