ក្រសួង៖ «ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ»

សង្គម​និង​សេដ្ឋកិច្ច

និយ័តករធានារ៉ាប់រងកម្ពុជា ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​​​បាន​​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​​ដើម្បី​បក​ស្រាយ​ឱ្យ​សាធារណៈជន​យល់​ថា ​​តាម​ពិត​ការ​ធានា​រ៉ាប់រង​យានយន្ត​ជា​កាតព្វកិច្ច ​​គឺ​ដើម្បី​​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​គ្រួសារ​​របស់​ប្រជាពលរដ្ឋ​​វិញ​ទេ ​​ព្រោះ​​​បើ​សិន​ជា​ករណី​​ម្ចាស់​យានយន្ត​មិន​មាន​ការ​ធានា​រ៉ាប់រង នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ​​នោះ​រាល់​ការ​ចំណាយ ឬ​ការ​ខូច​ខាត​​នឹង​ត្រូវ​ប្រើ​ប្រាស់​ប្រាក់​សន្សំ​​របស់​ខ្លួន ឬ​អាច​ឈាន​ដល់​ការ​ខ្ចី​បុល​គេ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសារសេចក្តីប្រកាសព័ត៌មាននេះ ​​ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា ​​ការ​ធានារ៉ាប់រង​​យានយន្ត​ជា​កាតព្វកិច្ច គឺ​ជា​គោលនយោបាយ​​គាំពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សង្គម សម្រាប់​បុគ្គល​ម្នាក់ៗ ដែល​ពាក់ព័ន្ធ​​នឹងការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​សាធារណៈ ​​និង​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ស្ទើរ​តែ​គ្រប់​ប្រទេស​ នៅ​លើ​ពិភពលោក។ ដូច្នេះ​ ការ​ទិញ​ធានារ៉ាប់រង​យានយន្ត​មិនគួរ​ត្រូវ​បាន​គេ​មើល​ក្នុង​ផ្លូវ​អវិជ្ជមាន​ ដោយ​ចាត់​ទុក​ជា​ការ​ចំណាយ​ដ៏​ធំ​នោះ​ទេ។

សូមបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោង​នឹង​កំណត់​ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំង​អស់ ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​​​​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ​ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែ​ម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ថ្លែង​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ទិវា​ធានារ៉ាប់រង កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២។

សូមអានខ្លឹមសារលិខិតលម្អិតដូចខាងក្រោម៖