ទម្លាយឯកសារ ដាក់ឲ្យប្រើ​ប្រាស់ប្លង់គោល​ប្រើ​ប្រាស់ដីគម្រោង​អភិវឌ្ឍ​ក្រុងបូក​គោ

សង្គម​និង​សេដ្ឋកិច្ច

​ការអភិវឌ្ឍ​តំបន់​បូកគោ​ នៅប៉ុន្មានឆ្នាំនេះឃើញថារីកចម្រើនរីរាលដាលគួរឲ្យកត់សម្គាល់ ខណៈដែលរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ប្លង់គោល​ប្រើ​ប្រាស់ដីគម្រោង​អភិវឌ្ឍ​ក្រុងបូក​គោ ដែលជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​ទីក្រុង​​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​នឹង​ក្លាយ​ជា​ទីតាំង​ផ្សារ​ភ្ជាប់​តំបន់​ឆ្នេរ​នៃ​ច្រក​របៀង​ទេសចរណ៍​ភាគ​​ខាង​ត្បូង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអនុក្រឹត្យដាក់ឨ្យ​ប្រើ​ប្រាស់ប្លង់គោល​ប្រើ​ប្រាស់ដីគម្រោង​អភិវឌ្ឍ​ក្រុងបូក​គោ ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាល​ពី​ថ្ងៃទី ​២៨ ខែ មិថុនា​ ឆ្នាំ ២០១៩​ បានបង្ហាញថា ដី​ក្នុង​ប្លង់​គោល​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ ត្រូវ​​បែងចែក​ជា​ ៩ តំបន់ ​រួម​មាន តំបន់​លំនៅឋាន​ តំបន់​ពាណិជ្ជកម្ម​ តំបន់​ចម្រុះ​ តំបន់​ដឹក​ជញ្ជូន តំបន់​ទេសចរណ៍ តំបន់​រដ្ឋបាល​សាធារណៈ តំបន់​លំហ​សាធារណៈ និង​ផ្ទៃ​​បៃតង តំបន់​វប្បធម៌ និង​សាសនា ​និង​តំបន់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកទេស​។

រមណីយដ្ឋាន​ឧទ្យានជាតិ​ភ្នំ​បូកគោ​ មាន​ផ្ទៃ​ដី​សរុប ១៥៤ ៤៥៤ ​ហិកតា​ ក្នុង​​នោះ​ប្រភេទ​ដី​អាច​សាងសង់​បាន​​មាន​ទំហំ ២៧ ៩៤៣ ហិកតា និង​ប្រភេទ​ដី​កម្រិត​ការ​សាងសង់​មាន​ចំនួន ១២៦​ ៥១៥​ ហិកតា​ ខណៈ​ទំហំ ​១៨ ៩៨៧ ហិកតា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​​ក្រុមហ៊ុន​ សុខា​អូតែល របស់​អ្នកឧកញ៉ា សុខ គង់។ នេះ​បើ​​តាម​អនុក្រឹត្យ។

អនុក្រឹត្យដដែរបញ្ជាក់ថា ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ អាច​ធ្វើ​ការ​កែ​សម្រួល​ក្នុង​រយៈពេល ​៥ ឆ្នាំ​ម្តង​ ក្នុង​ករណី​ចាំបាច់​នៃ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម។

គួររម្លឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។

តាមរយៈប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទំហំជាង១៥ម៉ឺនហិកតា៕