កម្ពុជា ប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal)  ដើម្បីផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មាន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធបានធ្វើឡើងនៅ ទី១២ ខែធ្នូ ឆ្នាំ២០២៥  ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។

នាឱកាសនោះ លោកស្រី ចម និម្មល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ។

សូមជម្រាបថា ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធរួមមាន៖ ១. ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក ២. ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង ៣. ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕ អត្ថបទ៖ហ្សាលីន