អ្នកសម្របសម្រួល UN គាំទ្រជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី និងច្បាប់អន្តរជាតិ។នេះបើយោងតាមប្រសាសន៍របស់ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមហ្វេសប៊ុករបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ  បានបង្ហោះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះថា នៅក្នុងជំនួបនោះ លោកស្រី Vladanka Andreeva បានកត់សម្គាល់ពីការអភិវឌ្ឍដ៏រហ័សរបស់កម្ពុជា ហើយគាំទ្ររបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញការគាំទ្រចំពោះជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃតាមសន្តិវិធី និងច្បាប់អន្តរជាតិ ខណៈកម្ពុជា និង UN ក៏បានប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យប្រសិទ្ធភាពថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

សូមជម្រាប់ដែរថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនេះដែរ លោក UENO Atsushi ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងលើគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតីភាពដូចដើមវិញនាពេលឆាប់ៗ។លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ៕ អត្ថបទ៖ហ្សាលីន