ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យ​ធុរកិច្ចរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេសទាំងពីរអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ, សម្តេចធិបតីបានគូសជម្រាបជូនលោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍វិស័យឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិតកម្មកម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។

សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕