អូស្រ្តាលី នៅតែប្តេជ្ញាបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅជំរុញការគាំទ្រអនាគតឌីជីថលរបស់កម្ពុជាឱ្យកាន់តែប្រសើរ។នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអីស្រ្តាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ស្ថានទូតអូស្រ្តាលី បានបញ្ជាក់ដែរថា ប្រព័ន្ធទូរគមនាគមន៍ដែលមានប្រសិទ្ធភាព និងមានការគ្រប់គ្រងល្អ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ការតភ្ជាប់ឌីជីថល អធិបតេយ្យភាព និងសុវត្ថិភាពសាធារណៈរបស់កម្ពុជា។
ទូតអូស្រ្តាលី បានបញ្ជាក់ទៀតថា ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងប្រកាសចំនួន ៣ ក្នុងវិស័យទូរគមនាគមន៍ ដែលត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) របស់អូស្ត្រាលី។ សេចក្តីព្រាងប្រកាសទាំងនេះតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ការគ្រប់គ្រងវិសាលគមហ្វ្រេកង់វិទ្យុរបស់កម្ពុជា។

នាឱកាសនោះ អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយកម្ពុជា ខណៈដែលកម្ពុជាកំពុងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមានភាពច្បាស់លាស់ និងអាចព្យាករបាន ដែលជួយបង្កើនទំនុកចិត្តដល់វិនិយោគិន និងប្រតិបត្តិករ។
បើតាមស្ថានទូតបានបញ្ជាក់ថា អូស្ត្រាលី នៅតែប្តេជ្ញាបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល ពង្រីកឱកាសសេដ្ឋកិច្ច និងធានាថាអត្ថប្រយោជន៍នៃការអភិវឌ្ឍទាំងនេះត្រូវបានចែករំលែកដល់ប្រជាជនគ្រប់រូប៕អត្ថបទ៖ហ្សាលីន

