ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាំកូនៗទាំងអស់ ចូលរួមមង្គលការកូនប្រុសទេសរដ្ឋមន្ត្រី គន់ គីម

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ព្រម​ទាំង​កូនប្រុសស្រី​​របស់​សម្តេច​ទាំង​អស់ បាន​អញ្ជើញ​​​ចូល​រួម​ជា​ភ្ញៀវកិត្តិយស​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​​​កូនប្រុស​​របស់​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនប្រុស​របស់​លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម ​​​ដែល​ជា​កូន​កំលោះ​មាន​ឈ្មោះ​ថា «គីម រតនៈ» ​​​​បាន​​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​កូន​ក្រមុំ​ឈ្មោះ «អ៊ឹង អ៊ីលី» ​​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០២២នេះ។ ក្នុង​ពិធី​​​​​មង្គល​ការ​​កូន​ប្រុស​​​របស់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​ជួរ​រាជរដ្ឋាភិបាលកម្ពុជា​នេះ ​​សម្តេចតេជោ និង​សម្តេច​កិត្តិបណ្ឌិត​ បាន​ផ្តល់​កិត្តិយស​អញ្ជើញ​​ចូល​រួម​ដោយ​ផ្ទាល់ ​​ហើយ​ក្នុង​នោះ​​កូនៗ​របស់​សម្តេច​ដូចជា លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត និងលោកជំទាវ ហ៊ុន ម៉ាណា និង​ស្វាមី លោក ឌី វិជ្ជា ព្រម​ទាំង​កូនប្រសារ​របស់​សម្តេច​មួយ​ចំនួន​ទៀត ក៏​បាន​អញ្ជើញ​ចូល​រួម​ផងដែរ។

សូម​ជម្រាប​ជូន​ថា នាយឧត្តមសេនីយ៍ ​ទេសរដ្ឋមន្ត្រី​ គន់ គីម បច្ចុប្បន្ន​ក៏​មានតួនាទីជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ទើប​ត្រូវ​បាន​ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់​គោរម្យ​ងារ​កិត្តិយស​នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» កាល​ពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ ដោយឡែក ​​កូនប្រុស​របស់​លោក គន់ គីម ម្នាក់​ទៀត​​គឺ​ លោក គីម រិទ្ធី ដែល​ត្រូវ​ជា​បង​ប្រុស​​កូនកំលោះ គីម រតនៈ ​​ត្រូវ​បាន​​ទទួល​ការ​តែងតាំង​ជា អភិបាលខេត្ត​ព្រះវិហារ ជំនួស​​លោក​ប្រាក់ សុវណ្ណ ដែល​បាន​ចូល​និវត្តន៍ កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ២០២២៕