ឧកញ៉ាចិត្តធម៌ ណូ សុភា ត្រូវបានតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាចិត្តធម៌ ណូ សុភា (Sophea Böttcher) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគម​ឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចមហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា ណូ សុភា និងស្វាមី លោក UDO BöTTCHER ត្រូវបានគេស្គាល់ថា ជាសប្បុរសជនប្រកបដោយ​ទឹកចិត្ត និងបេះដូងស្រឡាញ់ខ្មែរ បាននិងកំពុងជួយដល់សង្គមជាតិ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន​នៅកម្ពុជា មានដូចជាជួយដល់កុមារកំព្រា ទុរគតជន ជនទីទាល់ក្រ ជួយកងទ័ព ជនភៀសសឹក និងអ្នកមានជីវភាព​ខ្វះខាតជាបន្តបន្ទាប់។

តាមរយៈការជួយលើកិច្ចការងារសប្បុរសធម៌ជាច្រើន លោកស្រីឧកញ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន​គ្រឿង​ឥស្សរិយយស​ «ជាតូបការ» កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ ចំពោះការទទួល​បានការតែងតាំង ជាទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» គឺជាការផ្ដល់នូវតម្លៃ និងកិត្តិយសបន្ថែមទៀត ជូនលោកស្រី និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងជួយកម្ពុជា ដែលជាមាតុភូមិ​កំណើតរបស់ខ្លួន។

សូមជម្រាបថា ឧកញ៉ា ណូ សុភា ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាល​នឹងសុខទុក្ខ​ប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ឈ្មោះ Udo Böttcher។ កន្លងមក លោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕