សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ (រចនាសម្ព័ន្ធថ្មី) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាផ្លូវការ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបំពេញមុខងារដូចជា៖ ១.ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសុរិយោដី និងភូមិសាស្ត្រ ២.ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ៣.ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ និង ៤.ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យលំនៅឋាន ព្រមទាំងអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីប្រមុខរដ្ឋាភិបាល។
អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដីថ្មីនេះ គេកត់សម្គាល់ឃើញថា មានការកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដូចជា អគ្គនាយកដ្ឋានរដ្ឋបាល ត្រូវបានប្តូរឈ្មោះទៅជា អគ្គលេខាធិការដ្ឋាន ហើយនាយកដ្ឋានចំណុះត្រូវបានផ្លាស់ប្តូរឈ្មោះជាច្រើន, អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ត្រូវបានបង្រួមពី ៦នាយកដ្ឋាន មកត្រឹម ៤នាយកដ្ឋានវិញ។ ចំពោះមន្ទីររាជធានីខេត្ត ក៏ត្រូវបានប្តូរឈ្មោះពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទៅជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត ដោយលុបពាក្យ “សុរិយោដី” ចេញផងដែរ។
សូមជម្រាបថា ការរៀបចំអនុក្រឹត្យពីរចនាសម្ព័ន្ធថ្មីនេះ គឺធ្វើឡើងស្របតាមអភិក្រមពិតប្រាកដរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «ពង្រឹងជាជាងពង្រីក» សំដៅពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធអង្គភាព និងការកែសម្រួលការងារ ដើម្បីធ្វើឱ្យក្រសួង មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយមិនពង្រីកទំហំឬកាយរចនាសម្ព័ន្ធស្ថាប័ននោះឡើយ។ ការកែសម្រួលរចនាសម្ព័ន្ធនេះ គឺផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងសមត្ថភាពមន្ត្រី និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ៕





