លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការរៀបចំចងក្រងកសិករឱ្យទៅជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតរួមគ្នា គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្មបានពី ២០% ទៅ ៣០% និងធានាឱ្យកសិករទទួលបានប្រាក់ចំណេញសមរម្យ ដោយមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃសម្រាប់អ្នកបរិភោគ។

ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោក ឌិត ទីណា បានលើកឡើងអំពីចំណោទបញ្ហាប្រឈមម្ខាងៗរវាងអ្នកបរិភោគដែលតែងតែចង់បានកសិផលតម្លៃថោក និងកសិករជាអ្នកផលិតដែលចង់លក់បានតម្លៃថ្លៃ។ លោកបានពន្យល់ថា ដើម្បីរកចំណុចកណ្ដាលនៃតម្លៃសមរម្យមួយដែលអាចឱ្យរស់បានទាំងអស់គ្នា ក្រសួងបានពិនិត្យវាយតម្លៃយ៉ាងលម្អិតលើការចំណាយ និងចំណូលរបស់កសិករ ដោយផ្ដោតសំខាន់លើការបញ្ចុះថ្លៃដើមផលិតកម្ម។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅពេលកសិករធ្វើការដាំដុះរៀងៗខ្លួន និងទិញធាតុចូលកសិកម្មដោយជំពាក់ប្រាក់គេ ថ្លៃដើមនឹងឡើងខ្ពស់ តួយ៉ាងដូចជាការទិញជីម្ដងមួយបេៗដោយជំពាក់ អាចមានតម្លៃរហូតដល់ ២០ម៉ឺនរៀលក្នុងមួយបេ។ ផ្ទុយទៅវិញ នៅពេលកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតរួមគ្នា ពួកគាត់មានលទ្ធភាពប្រើប្រាស់សេវាកម្មធនាគារក្នុងប្រព័ន្ធផ្លូវការដែលមានអត្រាការប្រាក់សមរម្យ ដើម្បីបញ្ជាទិញវត្ថុធាតុដើមជាដុំពីរោងចក្រ ឬអ្នកផ្គត់ផ្គង់ផ្ទាល់ដោយបង់ប្រាក់សុទ្ធដល់ដៃ ដែលធ្វើឱ្យតម្លៃជីធ្លាក់មកនៅត្រឹម ១៥ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយបេ។
សូមជម្រាបជូនថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្ដង់ពិព័រណ៍ប្រមាណ ៤០០ ស្ដង់ និងមានកសិករ សហគមន៍កសិកម្ម អ្នកវិនិយោគ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីជំរុញការវិនិយោគ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា៕




