ADB ផ្តល់ហិរញ្ញប្បទាន ៧២ លានដុល្លារ បង្កើនឱកាសរកចំណូលរបស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ពង្រឹងការធ្វើកសិកម្មនៅតាមជនបទ ពិសេសជួយបង្កើនរកចំណូលរបស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្សាយចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសដែលត្រូវការជំនួយបំផុតដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ហិរញ្ញប្បទានរបស់ ADB ត្រូវបានបំពេញបន្ថែមដោយសហហិរញ្ញប្បទានចំនួន ២៣ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង ហិរញ្ញប្បទានឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពុងរឿង និងភាពធន់ ផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB និង វិភាគទានចំនួន ៤,៣ លានដុល្លារ ពីរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ លោកស្រីបានថ្លែងបញ្ជាក់ថា៖ «តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍។

យោងតាម ADB បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម ក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលងាយរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ។ គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីបម្រើឱ្យផ្ទៃដីកសិកម្មចំនួន ៧ ០០០ ហិកតា បន្ថែមទៀត និងស្តារឡើងវិញនូវផ្លូវប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់កសិករទៅនឹងទីផ្សារ ការងារ និងឱកាស ជាពិសេសសម្រាប់ស្ត្រី និងប្រជាពលរដ្ឋដែលមិនទាន់ទទួលបានសេវាគាំទ្រពេញលេញ។

គម្រោងនេះ នឹងផ្តល់ឱ្យកសិករនូវការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការអនុវត្តវិធីសាស្រ្តប្រកបដោយភាពធន់ ក្នុងការដាំដុះដំណាំ ការធ្វើសាកវប្បកម្ម ការចិញ្ចឹមបសុបក្សីនិងសត្វល្អិត និងការធ្វើវារីវប្បកម្ម។ ទន្ទឹមនេះ គម្រោងនេះ ក៏នឹងផ្តល់ជំនួយឥតសំណង ដើម្បីជួយកសិករកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល និងបង្កើនភាពធន់របស់ពួកគាត់ទៅនឹងគ្រោះមហន្តរាយ និងវិបត្តិសកល៕អត្ថបទ៖ហ្សាលីន