អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ សំណេះសំណាល និងជួបជុំជាមួយបណ្តាញភ្នាក់ងារទូទាំងប្រទេស ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការរីកចម្រើនអាជីវកម្ម

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) បានរៀបចំកម្មវិធីសំណេះសំណាល និងជួបជុំជាមួយបណ្តាញភ្នាក់ងារនៅទូទាំង​ប្រទេស​កម្ពុជា ដោយមានគោលបំណងពង្រឹងទំនាក់ទំនង ស្តាប់មតិយោបល់ និងបង្កើនកិច្ចសហការរវាងក្រុមហ៊ុន និងបណ្តាញភ្នាក់ងារ ដែលជាកម្លាំងដ៏សំខាន់ក្នុងការជំរុញការរីកចម្រើននៃអាជីវកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំកម្មវិធីនេះនៅទូទាំងប្រទេស គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ វិរៈ ប៊ុនថាំ គ្រុប ចំពោះបណ្តាញ​ភ្នាក់ងាររបស់ខ្លួននៅគ្រប់តំបន់ ដោយផ្តល់ឱកាសឱ្យភ្នាក់ងារបានជួបជុំ សំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងឱកាសអភិវឌ្ឍអាជីវកម្មនាពេលអនាគត។

កម្មវិធីនេះក៏បានផ្តោតលើការចែករំលែកព័ត៌មានអំពីទិសដៅការងារ សក្តានុពលអាជីវកម្ម ផលិតផល និងសេវាកម្ម​របស់ក្រុមហ៊ុន ព្រមទាំងការបង្កើនការយល់ដឹងរបស់បណ្តាញភ្នាក់ងារ ដើម្បីឱ្យការសហការរវាងភាគីទាំងពីរកាន់តែ​មានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការទីផ្សារ។

តាមរយៈការជួបជុំ និងការពិភាក្សាដោយផ្ទាល់ ក្រុមហ៊ុនមានឱកាសស្តាប់មតិយោបល់ និងសំណូមពរពីភ្នាក់ងារ​នៅតាមបណ្តាខេត្តនានា ដើម្បីស្វែងរកដំណោះស្រាយ និងកែលម្អដំណើរការការងារ។ ទន្ទឹមនឹងនេះ កម្មវិធីក៏ជួយ​ពង្រឹងស្មារតីសាមគ្គីភាព និងភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន និងបណ្តាញភ្នាក់ងារផងដែរ។

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយក វិរៈ ប៊ុនថាំ គ្រុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួម​ដំណើរ​ជាមួយបណ្តាញភ្នាក់ងារ និងការបង្កើតទំនាក់ទំនងដ៏រឹងមាំ ដោយចាត់ទុកភ្នាក់ងារជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។

ការរៀបចំកម្មវិធីនេះនៅទូទាំងប្រទេស មិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការប្តេជ្ញា​ចិត្តរបស់ វិរៈ ប៊ុនថាំ គ្រុប ក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយភ្នាក់ងារនៅគ្រប់តំបន់ និងជំរុញការអភិវឌ្ឍ​អាជីវកម្ម​តាមរយៈកិច្ចសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

វិរៈ ប៊ុនថាំ គ្រុប បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងបណ្តាញភ្នាក់ងារទូទាំងប្រទេស អភិវឌ្ឍសេវាកម្ម និងបង្កើតឱកាស​អាជីវកម្មថ្មីៗ ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ដៃគូអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។