លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឱ្យដឹងថា កម្ពុជា នឹងជូនស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ថា លោកជំទាវបានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។

លោកជំទាវបន្តថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ ។
សូមជម្រាបដែរថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la Francophonie) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទីកន្លែងរៀបចំ នឹងធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ។អ្នកចូលរួមត្រូវបានរំពឹងថា នឹងមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីបណ្តាប្រទេសសមាជិកប្រហែល ៩០៕ អត្ថបទ៖ហ្សាលីន






