លោក ត្រាំ​ សន្យាជូនលុយ ១លានដុល្លារ ដល់អ្នកផ្តល់ព័ត៌មានអំពីការក្លែងបន្លំបោះឆ្នោត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្ដល់ប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ សម្រាប់អ្នកដែលអាចផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោកន្លងមក ក៏ដូចជាការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៦ ខែតុលា ថា៖ “បើមាននរណាម្នាក់ក៏ដោយដែលអាចរាយការណ៍អំពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកន្លងមក ឬការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នឹងទទួលបានរង្វាន់ចំនួន ១លានដុល្លារ នៅពេលដែលជនល្មើសនោះត្រូវបានចាប់ខ្លួន និងកាត់ទោស”។

តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ​ ហាក់មិនបានបញ្ជាក់លម្អិតថា តើប្រាក់រង្វាន់នេះនឹងមានប្រភពមកពីណា ឬនឹងត្រូវគ្រប់គ្រងដោយរបៀបណានោះទេ។ ចំណែកឯខាងសេតវិមាន ក៏មិនបានផ្តល់ព័ត៌មានបន្ថែមណាមួយទាក់ទងនឹងសេចក្តីថ្លែងការណ៍នេះដែរ។

គួរជម្រាបជូនថា លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតនូវការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីការលួចក្លែងបន្លំការបោះឆ្នោត រួមទាំងការអះអាងថា លោកគឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ថែមទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា ការលួចបន្លំការបោះឆ្នោតគឺជារឿងដែលកម្រនឹងកើតឡើងបំផុត នៅក្នុងសហរដ្ឋអាមេរិក៕​