អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំវេទិកាសហគ្រិន​ហ្វ្រង់កូហ្វូន ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈ​រៀបចំ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្ពុជា និងសមាជិកសភាពាណិជ្ជកម្ពុជា និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សាផ្តោតទៅលើដំណើរប្រព្រឹត្តទៅនៃវេទិកាទាំងមូលរួមមាន៖ ការធ្វើបច្ចុប្បន្នភាពរបៀបវារៈវេទិកា, ថវិកាទ្រទ្រង់ និងផែនការចំណាយ, ការបែងចែកភារកិច្ច, ការរៀបចំជំនួប​ពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចប្រទេសនិយាយភាសាបារាំង, ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង​សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃបណ្តាប្រទេសនិយាយភាសាបារាំង, ការអនុម័តលើដំណើរប្រព្រឹត្ត​ទៅនៃវេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

សូមជម្រាបថា វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍​ដែលសហការ​រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទនវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម។  វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦  ទទួលបាន​កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង  ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង  នឹងអញ្ជើញ​ជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកានេះ៕