រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្ពុជា និងសមាជិកសភាពាណិជ្ជកម្ពុជា និងភាគីពាក់ព័ន្ធ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សាផ្តោតទៅលើដំណើរប្រព្រឹត្តទៅនៃវេទិកាទាំងមូលរួមមាន៖ ការធ្វើបច្ចុប្បន្នភាពរបៀបវារៈវេទិកា, ថវិកាទ្រទ្រង់ និងផែនការចំណាយ, ការបែងចែកភារកិច្ច, ការរៀបចំជំនួបពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចប្រទេសនិយាយភាសាបារាំង, ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃបណ្តាប្រទេសនិយាយភាសាបារាំង, ការអនុម័តលើដំណើរប្រព្រឹត្តទៅនៃវេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។
សូមជម្រាបថា វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និង សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទនវានុវត្តន៍៖ កត្តាជំរុញសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ប្រកបដោយចីរភាព និងសមាហរណកម្ម។ វេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកវេទិកានេះ៕








