រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានឈានដល់ការចុះហត្ថលេខាជាផ្លូវការលើលិខិតប្ដូរការ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានជាទឹកប្រាក់ចំនួន ៣០ ប៊ីលានយ៉េន (ប្រមាណ ២០០ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ISHIZUKI Hideo ឯកអគ្គរាជទូតទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គម្រោងហិរញ្ញប្បទានដ៏ធំនេះមានគោលបំណង គាំទ្រស្ថិរភាពសេដ្ឋកិច្ច កាត់បន្ថយផលប៉ះពាល់ ពង្រឹងការផ្គត់ផ្គង់ថាមពល។
ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាលជប៉ុននាពេលនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយយ៉ាងច្បាស់ក្រឡែត បញ្ជាក់ពីការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕



