ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ខណៈសម្តេចធិបតី ក៏បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់ចំនួន ៣។

សម្តេចធិបតី ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។

សម្តេចធិបតីបន្តថា ក្នុងការប្រឡងលើកនេះ បេក្ខជនបានមកប្រឡងសរុប ១៤៩.៨៧១នាក់ និងប្រឡងជាប់ ១២៥.៩៧៥នាក់ ស្មើនឹង ៨៤,០៦%។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២.០២២នាក់ និទ្ទេស B ចំនួន ៨.៨៤៨នាក់ និទ្ទេស C ចំនួន ២៣.៤២២នាក់ និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ និងនិទ្ទេស E ចំនួន ៤៦.៨១៤នាក់។ ដោយឡែក ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មានបេក្ខជនប្រឡងជាប់ ១.០៥១នាក់ ស្មើនឹង ៩៩,០៦% ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ២២នាក់។ ជារួម សិស្សទទួលបាននិទ្ទេស A សរុបចំនួន ២.០៤៤នាក់ មកពីសាលារៀន ៥៣៥កន្លែង រួមមានសាលារដ្ឋ ៣៥៤ និងសាលាឯកជន ១៨១។ រាជធានី-ខេត្តទាំង ២៥ មានសិស្សទទួលបាននិទ្ទេស A។

សម្តេចធិបតី បន្តទៀតថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងការប្រឡងលើកទី១ ឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦ ខណៈចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនពី ១១នាក់ ដល់ ២.០២២នាក់ ដែលបង្ហាញពីការប្រែប្រួលនៃលទ្ធផលប្រឡងក្រោយការអនុវត្តកំណែទម្រង់។
ជារួម សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាមួយលទ្ធផលដ៏ប្រសើរនេះ គឺពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ៕ អត្ថបទ៖ហ្សាលីន


