ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីគម្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលារដ្ឋ ដោយបន្ថែមពីរម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា រដ្ឋាភិបាល គ្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលារដ្ឋ ដោយបន្ថែមពីរម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពនិងរៀបចំផែនការក្នុងការកែសម្រួលពង្រីកម៉ោងសិក្សាសម្រាប់សាលារដ្ឋ ដោយផ្តោតលើមុខវិជ្ជាដែលនឹងត្រូវពង្រឹងបន្ថែម គឺអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។
សម្តេចធិបតី បានពន្យលថា៖« បច្ចុប្បន្ននេះដោយសារកត្តាខ្វះគ្រូបង្រៀន និងអគារសិក្សា ធ្វើឱ្យម៉ោងសិក្សារបស់សិស្សកាត់បន្ថយពី៨ម៉ោង មកនៅត្រឹម ៤ម៉ោង។ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស សម្ដេចធិបតី បានសាកល្បងឱ្យសាលារដ្ឋបន្ថែម ២ម៉ោងទៀតនៅពេលរសៀល។ហេតុនេះ «សាលារដ្ឋនឹងត្រូវរៀន ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារកម្មវិធីសិក្សាយើងមានច្រើន ប្រសិនបើពេលវេលាមានតែ ៤ម៉ោង លោកគ្រូអ្នកគ្រូត្រូវកាត់មេរៀនចោលច្រើន ហើយការសិក្សានឹងមិនបានស៊ីជម្រៅផងដែរ។ ចឹងខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា»។
ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ការបន្ថែមម៉ោងសិក្សា ក៏ចូលរួមចំណែកសម្រាលបន្ទុករបស់ឪពុកម្ដាយ អាណាព្យាបាលសិស្ស ព្រោះការបន្ថែមម៉ោងសិក្សា នឹងធ្វើឱ្យពួកគេមិនសូវមានពេលវេលាទំនេរឥតប្រយោជន៍ច្រើន៕ អត្ថបទ៖ហ្សាលីន


