ការចំណាយរបស់សហរដ្ឋអាមេរិកលើជម្លោះនៅមជ្ឈិមបូព៌ាបានកើនឡើងជាង ៣ពាន់លានដុល្លារបន្ថែមទៀត គិតចាប់តាំងពីខែមុន ដែលធ្វើឲ្យចំនួនសរុប គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក មានចំនួនរហូតដល់ជិត ៥០ពាន់លានដុល្លារ ខណៈពេលដែលគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី លោ ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងផលប៉ះពាល់នានា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការព្យាករដែលចេញផ្សាយដោយបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) ដែលជាទីភ្នាក់ងារទទួលខុសត្រូវលើប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ាក្នុងពាក់កណ្តាលខែតុលា និងត្រូវបានវិភាគដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃទី២៧ ខែតុលា បានបង្ហាញថាទឹកប្រាក់ចំនួន ២៩ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់បំពេញបន្ថែមនូវគ្រាប់រំសេវ។
មិនតែប៉ុណ្ណោះ ទឹកប្រាក់ជិត ១២ពាន់លានដុល្លារផ្សេងទៀត ត្រូវបានបែងចែកសម្រាប់ថ្លៃដើមប្រតិបត្តិការ ខណៈពេលដែល ៦,១ពាន់លានដុល្លារត្រូវបានប្រើប្រាស់ដើម្បីជំនួសបរិក្ខារ និងទីតាំងដែលខូចខាត ក្នុងការប្រយុទ្ធ ដូចជាយន្តហោះគ្មានមនុស្សបើក (UAVs) និងយន្តហោះចម្បាំងដែលមានមនុស្សបើកជាដើម។
ជាងនេះទៅទៀតប្រតិបត្តិការរបស់កងទ័ពអាកាសអាមេរិក ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាស ការគាំទ្រការទំនាក់ទំនង និងការចល័តកងទ័ព មានតម្លៃប្រហែល ៧,៦ពាន់លានដុល្លារផងដែរ។
យ៉ាងណាក៏ដោយការព្យាករទាំងនេះ នៅមិនទាន់បានរួមបញ្ចូលនូវការចំណាយទាក់ទងនឹងមូលដ្ឋានយោធាអាមេរិកដែលបានខូចខាតនៅក្នុងជម្លោះមជ្ឈិមបូព៌ានៅឡើយនោះទេ៕

