ទឹកប្រាក់មូលនិធិឃុំ-សង្កាត់ កើនឡើងដល់ ២០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៦៖ អាល្លឺម៉ង់ប្តេជ្ញាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ ខណៈកម្ពុជាបង្ហាញលទ្ធផលបង្ក្រាបបទល្មើសអនឡាញទ្រង់ទ្រាយធំ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ភាគីកម្ពុជាបានបង្ហាញពីផ្លែផ្កាជាក់ស្តែងនៃកំណែទម្រង់វិមជ្ឈការ ដោយក្នុងនោះ ថវិកាមូលនិធិឃុំ សង្កាត់ បានកើនឡើងពីមធ្យមប្រមាណ ២ម៉ឺនដុល្លារ ក្នុងឆ្នាំ២០០២ រហូតដល់ប្រមាណ ២០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធអាល្លឺម៉ង់ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង និងប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជ្រោមជ្រែងដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ទោះបីជាទើបតែចូលកាន់មុខតំណែងថ្មី លោកស្រី SILKE RÖFER បានស្រាវជ្រាវ និងស្វែងយល់យ៉ាងស៊ីជម្រៅពីទំនាក់ទំនងទ្វេភាគី ពិសេសលទ្ធផលនៃការគាំទ្រកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសអាល្លឺម៉ង់ និងស្វីស កាលពីឆ្នាំ២០២៤ ហើយលោកជំទាវបញ្ជាក់ថា មានគម្រោងសំខាន់ៗមួយចំនួនទៀតដែលត្រូវបន្តអនុវត្តរួមគ្នាចាប់ពីពេលនេះតទៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ តាំងពីអាណត្តិកន្លងមករហូតដល់បច្ចុប្បន្ន លើការផ្ទេរមុខងារ ធនធាន និងថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាសាធារណៈឱ្យជិតប្រជាពលរដ្ឋ និងពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋាន។ ប្រមុខក្រសួងមហាផ្ទៃបានរំលេចថា កម្ពុជាបានផ្ទេរមុខងារសេវាសាធារណៈជាង ៨០០ ប្រភេទ ទៅថ្នាក់ក្រោមជាតិ រួមទាំងការរៀបចំរចនាសម្ព័ន្ធដាច់ដោយឡែក និងការបោះឆ្នោតគ្រប់កម្រិត។

ក្រៅពីប្រធានបទវិមជ្ឈការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចែករំលែកព័ត៌មានសំខាន់ៗស្តីពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) ជូនភាគីអាល្លឺម៉ង់ ដែលមានចំណុចលេចធ្លោដូចជា ការចាត់វិធានការលើជនបរទេស៖ មានការបណ្ដេញចេញ និងការចាកចេញដោយស្ម័គ្រចិត្តរបស់ជនបរទេសប្រមាណ ៥សែននាក់ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៦ នេះ។ ការបង្ក្រាបទីតាំងល្បែង៖ បោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណ ៤០០កន្លែង និងបានដកអាជ្ញាបណ្ណកាស៊ីណូចំនួន ៦ទីតាំង ដែលលួចបង្កប់ល្បែងភ្នាល់អនឡាញ។ ការអនុវត្តច្បាប់៖ ឃាត់ខ្លួន និងបញ្ជូនចេញមេក្លោងជនបរទេសជាច្រើននាក់ ព្រមទាំងបានចាប់ខ្លួនមន្ត្រីកម្ពុជាពាក់ព័ន្ធជាច្រើននាក់ផងដែរ ក្រោមក្របខណ្ឌច្បាប់យ៉ាងម៉ឺងម៉ាត់ និងកិច្ចសហការល្អជាមួយដៃគូអន្តរជាតិ (ដូចជា អាម៉េរិក ចិន អូស្ត្រាលី កូរ៉េ ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី និងអង់គ្លេស)៕