សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែតុលាថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃក្នុងខែកញ្ញា បានធ្លាក់ចុះ ៦,០៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបានចំនួន ១២០ ៣១៩ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ ទោះបីជាមានការធ្លាក់ចុះក៏ដោយ តែសហព័ន្ធឧស្សាហកម្មថៃ (FTI) នៅតែរក្សាគោលដៅផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួនចំនួន ១,៤៥ លានគ្រឿង បន្ទាប់ពីបានកាត់បន្ថយគោលដៅនេះកាលពីខែកក្កដា (ពីគោលដៅដើមចំនួន ១,៥ លានគ្រឿងដែលបានកំណត់នៅដើមឆ្នាំនេះ)។
សហព័ន្ធនេះបានឱ្យដឹងទៀតថា ការលក់រថយន្តក្នុងស្រុកសម្រាប់ខែកញ្ញា បានកើនឡើង ១៤,២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានការកើនឡើង ២៥,៥៩% នៅក្នុងខែសីហា។
មិនតែប៉ុណ្ណោះ ជុំវិញការធ្លាក់ចុះនៃការផលិតនេះ បានតកើតឡើង ដោយសារតែគ្រោះទឹកជំនន់ដែលបានរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០ នាក់បានស្លាប់បាត់បង់ជីវិត។
ជម្រាបជូនថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋានផលិតសម្រាប់នាំចេញរបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកមួយចំនួន រួមទាំងក្រុមហ៊ុន Toyota និង Honda ផងដែរ៕

