សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុក មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី? បើទោះជាពួកគេ គ្មានឯកសារ ឬមានភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។

ហើយគេតែងតែយកពត៌មានពីប្រភពដែលផ្សពផ្សាយដោយបណ្តាញពត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។

តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?

សម្តេចធិបតីបន្តថា តាមការសន្និដ្ឋានរបស់ខ្ញុំ គឺគាត់មិនហ៊ាននិយាយពាក់ព័ន្ធនឹងការផ្សាយរបស់សារព័ត៌មានថៃនោះទេ ព្រោះគាត់មានតែជម្រើសតែពីរគត់÷ ១) ទទួលស្គាល់ពត៌មាននោះជាពត៌មានពិត និង ២) បដិសេធថាអ្វីដែលសារពត៌មានថៃចុះផ្សាយនោះជាពត៌មានមិនពិត។ ជម្រើសមួយណាក៏មិនល្អសម្រាប់ពួកគាត់ដែរ។ ហេតុដូច្នេះហើយ បានជានៅស្ងៀមស្ងាត់ មិនហ៊ានធ្វើអត្ថាធិប្បាយអ្វីបន្តិចសោះពាក់ព័ន្ធនឹងការចុះផ្សាយពត៌មានរបស់ថៃករណីបង្គោលព្រំដែនចន្លោះបង្គោល ៥២-៥៩ នោះ៕ អត្ថបទ៖ហ្សាលីន