ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីពេលថ្មីៗនេះថា លោកនឹងហាមឃាត់ការប្រើប្រាស់ពាក្យថា «បញ្ញាសិប្បនិម្មិត» (Artificial Intelligence ឬ AI) នៅក្នុងឯកសារនានា និងរាល់កន្លែងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖ “តើនៅពេលណាទើបកាសែត Wall Street Journal ឈប់ប្រើពាក្យបញ្ញាសិប្បនិម្មិត (AI) ដែលជាឈ្មោះមិនត្រឹមត្រូវ និងមិនល្អទាល់តែសោះ។ ពួកគេគួរតែងាកមកហៅថា Super Intelligence ឬ SI ជំនួសវិញ។ នេះគឺជាឈ្មោះដែលមនុស្សស្ទើរតែទាំងអស់កំពុងប្រើប្រាស់ ឬនឹងចាប់ផ្តើមប្រើប្រាស់ក្នុងពេលឆាប់ៗនេះ”។
មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ ក៏បានបន្ថែមទៀតថា ក្នុងពេលឆាប់ៗនេះ យើងនឹងហាមឃាត់ជាផ្លូវការនូវពាក្យថា បញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងឯកសារពាក់ព័ន្ធទាំងអស់ និងរាល់កន្លែងផ្សេងទៀត ដោយសារតែវាជាពាក្យដែលមិនត្រឹមត្រូវ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការហាមឃាត់នេះ ហាក់កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាក់ស្តែងជាច្រើន។ ពាក្យថា «បញ្ញាសិប្បនិម្មិត» ឬAI នេះ ត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សមកហើយ និងនៅតែជាពាក្យស្តង់ដារដែលទទួលស្គាល់ជាទូទៅក្នុងវិស័យនេះ។
បណ្តាញសារព័ត៌មាននានានៅតែបន្តប្រើប្រាស់ពាក្យថា «AI» បើទោះបីជាមានបទបញ្ជារបស់ថ្នាក់ដឹកនាំអាមេរិករូបនេះក៏ដោយ។ សូម្បីតែរដ្ឋបាលរបស់លោក ត្រាំ ផ្ទាល់ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានប្រើប្រាស់ពាក្យដើមនេះនៅក្នុង «ផែនការសកម្មភាពស្តីពី AI» (AI Action Plan) ដែលបានចេញផ្សាយកាលពីឆ្នាំមុនផងដែរ៕

