ក្រុមហ៊ុន Trip.com ដែលជាភ្នាក់ងារទេសចរណ៍តាមអនឡាញធំជាងគេបង្អស់របស់ប្រទេសចិន កំពុងផ្តល់ជូននូវកញ្ចប់ដំណើរកម្សានទៅកាន់អវកាសរយៈពេល ៦ថ្ងៃ ក្នុងតម្លៃ ៥,១លានយ៉ន់ (ប្រហែល ៧៦០ ០០០ដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

កញ្ចប់ទេសចរណ៍នេះត្រូវបានផ្តល់ជូនតាមរយៈ HHtravel ដែលជាម៉ាកយីហោទេសចរណ៍លំដាប់ខ្ពស់របស់ Trip.com ដោយរួមបញ្ចូលទាំងការហ្វឹកហ្វឺនរយៈពេល ៤ថ្ងៃនៅសហរដ្ឋអាមេរិក មុនពេលជិះយានអវកាសរយៈពេល ៩០នាទី ដែលប្រតិបត្តិការដោយក្រុមហ៊ុន Virgin Galactic ចេញពីទីក្រុង New Mexico។
យ៉ាងណាមិញ ជុំវិញដំណើរកម្សាន្តនេះ អ្នកដំណើរនឹងទទួលបានបទពិសោធបណ្តែតខ្លួននៅក្នុងយានអវកាស រយៈពេលប៉ុន្មាននាទី និងមើលទិដ្ឋភាពភពផែនដីទាំងមូលតាមរយៈបង្អួចចំនួន ១៧ របស់យានអវកាស ក្នុងអំឡុងពេលហោះហើរនាថ្ងៃទីប្រាំ។
យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងទៀតថា ចាប់តាំងពីកម្មវិធីដំណើរកម្សាន្តទៅកាន់ទីអវកាសសម្រាប់ឆ្នាំ២០២៧ នេះត្រូវបានប្រកាសដាក់លក់កាលពីដើមសប្តាហ៍មុនមក មានអតិថិជនចំនួន ២ នាក់បានកក់កញ្ចប់ទេសចរណ៍នេះរួចហើយ ដែលនេះជាផលិតផលទេសចរណ៍អវកាសដែលមានតម្លៃថ្លៃជាងគេបំផុតដែលត្រូវបានដាក់លក់ជាសាធារណៈនៅក្នុងប្រទេសចិន៕

