លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង (PSC) លើកទី៤ ស្តីពី «ភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទីផ្សារសកល និងជំនាញពាណិជ្ជកម្ម» (EU-German GATE Project) ក្រោមអធិបតីភាព លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែកញ្ញា។

ក្រសួងកសិកម្ម បានឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគម្រោង EU-German GATE ដែលជាគម្រោងជំនួយបច្ចេកទេសគាំទ្រដោយសហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការជំរុញការបើកច្រកទីផ្សារអន្តរជាតិ ពង្រឹងសមត្ថភាពជំនាញពាណិជ្ជកម្ម និងការសម្រួលការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងចីរភាព។

នៅក្នុងកិច្ចប្រជុំនោះ តំណាងក្រសួងកសិកម្ម ក៏បានលើកបង្ហាញពីវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍប្រព័ន្ធវិញ្ញាបនកម្មភូតគាមអនាម័យអេឡិចត្រូនិក (ePhyto System) រួមមាន៖ ការបញ្ចប់ការធ្វើតេស្តមុខងារ e-Payment ជាមួយធនាគារ អេស៊ីលីដា ការធ្វើតេស្តផ្លាស់ប្តូរទិន្នន័យ ePhyto ជាមួយប្រទេសថៃ តាមរយៈ ASW/CNSW ការរៀបចំតភ្ជាប់ជាមួយប្រទេសឥណ្ឌូនេស៊ី និងការបណ្តុះបណ្តាលមន្ត្រីជំនាញ និងធុរជន។
គួរឱ្យដឹងថា ប្រព័ន្ធនេះគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ (Go-Live) នៅចុងឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការនាំចេញកសិផលកម្ពុជា និងលើកកម្ពស់តម្លាភាពពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ៕



