កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌូណេស៊ី បានប្ដេជ្ញាបន្តជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក SANTO Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនជាលំដាប់។

ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានប្ដេជ្ញាបន្តជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅជំរុញកំណើនសេដ្ឋកិច្ច និងផលប្រជាជនប្រទេសទាំងពីរ។

សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនេះដែរ ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជាសម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕អត្ថបទ៖ហ្សាលីន